សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ខេត្តទាំង៨នេះ ប្រឈមនឹងជំនន់ទឹកភ្លៀង

2 months ago 16

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា យោងតាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា៖ កម្លាំងស្រូបនៃឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ “NORU” ដែលកើតនៅភាគខាងកើតប្រទេសហ្វីលីពីន និងធ្វើឲ្យប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងកម្ពុជា បានចុះថមថយឥទ្ធិពលជាលំដាប់។

តាមការព្យាករនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ព្យុះណូរុនឹងវិវត្តទៅជាព្យុះទីហ្វុង TY នៅពេលបក់ចូលកៀកឆ្នេរភាគកណ្តាលប្រទេសវៀតណាម។ ព្យុះនេះ នៅពេលឆ្លងកាត់ប្រទេសវៀតណាម និងអាងទន្លេមេគង្គប្រទេសឡាវ និងថៃ នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានថមថយឥទ្ធិពលពេលបន្តបន្ទាប់ជាព្យុះកម្រិត TS វិសម្ពាធ TD និងសម្ពាធទាប។ ជាមួយគ្នានោះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ខ្យល់មូសុងនិរតី នឹងបង្កើនល្បឿនបង់ក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើតំបន់មាត់សមុទ្រ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បណ្តាខេត្តនៅភាគពាយព្យ មានជាអាទិ៍៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀត អាចបង្កឲ្យទីទំនាបជាប់ផ្លូវទឹក និងផ្លូវទឹកនៅក្នុងភូមិសាស្ត្រនៃបណ្តាខេត្តទាំងនោះ ប្រឈមនឹងជំនន់ទឹកភ្លៀង (Flash flood) និងជំនន់ដោយបរិមាណទឹកហួសកម្រិត (Overflow)។ ចំណែកបណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លើកលែងតែបណ្តាខេត្តជាប់មាត់សមុទ្រ មានខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលអាចមានភ្លៀងធ្លាក់ច្រើន។ នៅលើផ្ទៃសមុទ្រនឹងមានភ្លៀងច្រើន ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់។

ទន្ទឹមនេះ ភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ដែលអាចធ្វើឲ្យទឹកទន្លេមេគង្គ មានការងើបកើនឡើងវិញជាបន្តបន្ទាប់។

អាស្រ័យដូចបានជម្រាបខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

The post សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ខេត្តទាំង៨នេះ ប្រឈមនឹងជំនន់ទឹកភ្លៀង appeared first on Khmernote.

Read Entire Article