អ្នក​ជំនាញ​ប្រាប់​ពី​វេបសាយ​និង​អ៊ីមែល​បន្លំ​ទាក់ទង​នឹង Covid-19

2 years ago 146

ខណៈ​ដែល​មេរោគ​កូរ៉ូណា​វីរុស ឬ​ហៅ​ថា​កូវីដ-១៩ (Covid-19) កំពុង​រាតត្បាត​លើ​សកលលោក ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា ក្រុម​ទុច្ចរិត​បាន​ចុះ​ឈ្មោះ​វេបសាយ​ជាច្រើន និង​ផ្ញើ​អ៊ីមែល​បន្លំ​យ៉ាង​ច្រើន​ដើម្បី​ព្យាយាម​រក​លុយ​ពី​ការ​រាតត្បាត​នេះ។

របាយការណ៍​ពី​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត​ឈ្មោះ Recorded Future ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ មីនា កត់​សម្គាល់​ឃើញ​ថា មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​នៃ​ការ​ចុះ​ឈ្មោះ​វេបសាយ​ទាក់ទង​នឹង​វីរុស​កូវីដ-១៩ ដែល​គេ​ជឿជាក់​ថា វេបសាយ​មួយ​ចំនួន​កំពុង​តែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​លួច​យក​ព័ត៌មាន​ពី​អ្នក​ទទួល​អ៊ីមែល ឬ​ចម្លង​មេរោគ (malware) ទៅ​កាន់​អ្នក​ទាំងនោះ។

នាយក​ផ្នែក​លទ្ធផល​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត Recorded Future អ្នកស្រី Lindsay Kaye ចាត់​ទុក​ឈ្មោះ​វេបសាយ (domain) ខាង​ក្រោម​នេះ​ថា​មាន​គ្រោះថ្នាក់​បំផុត៖

coronavirusstatus[.]space coronavirus-map[.]com blogcoronacl.canalcero[.]digital coronavirus[.]zone coronavirus-realtime[.]com coronavirus[.]app bgvfr.coronavirusaware[.]xyz coronavirusaware[.]xyz

ស្ថាបនិក​ផ្នែក​ឃ្លាំង​ទុក​មេរោគ (malware repository) គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Google និង​ជា​ស្ថាបនិក​វេបសាយ​សេវាកម្ម​តេស្ដ​ប្រឆាំង​នឹង​វីរុស ឈ្មោះ VirusTotal លោក Bernardo Quintero ត្រួត​ពិនិត្យ​ឈ្មោះ​វេបសាយ (domain) ដែល​រាយការណ៍​ដោយ​ក្រុមហ៊ុន Recorded Future។ គាត់​និយាយ​ប្រាប់​ទស្សនាវដ្ដី Forbes ថា វេបសាយ​ខាង​ក្រោម​ក៏​បង្ហាញ​ពី​សញ្ញា​នៃ​គ្រោះថ្នាក់​ផង​ដែរ ខណៈ​វេបសាយ​ទាំងនោះ​ត្រូវ​បាន​កម្មវិធី​កម្ចាត់​មេរោគ​រក​ឃើញ៖

corona-virus[.]healthcare survivecoronavirus[.]org vaccine-coronavirus[.]com coronavirus[.]cc bestcoronavirusprotect[.]tk coronavirusupdate[.]tk

ហេតុ​ដូចនេះ សូម​កុំ​ចូល​ទៅ​កាន់​វេបសាយ​ដែល​បាន​រៀបរាប់​ខាង​លើ ដើម្បី​ជៀសវាង​ហានិភ័យ​ផ្សេងៗ ហើយ​ប្រសិន​បើ​អ្នក​ទទួល​បាន​អ៊ីមែល​មក​ពី​អាសយដ្ឋាន​វេបសាយ​ទាំងនោះ ឬ​ក៏​មាន​ដាក់​តំណ​ភ្ជាប់​នៅ​ក្នុង​អ៊ីមែល សូម​ប្រុងប្រយ័ត្ន កុំ​ចុច​លើ​វា និង​កុំ​បើក​ឯកសារ​ដែល​មាន​នៅ​ក្នុង​អ៊ីមែល​ឱ្យ​សោះ។ សូម​អ្នក​បិទ​អ៊ីមែល និង​លុប​វា​ចេញ​ពី​ប្រអប់​សារ​របស់​អ្នក។

គំរូ​សារ​អ៊ីមែល​បន្លំ​ទាក់ទង​នឹង​មេរោគ​កូវីដ-១៩ (Covid-19)។គំរូ​សារ​អ៊ីមែល​បន្លំ​ទាក់ទង​នឹង​មេរោគ​កូវីដ-១៩ (Covid-19)។

អ្នកស្រី Kaye ដែល​ជា​នាយក​ផ្នែក​លទ្ធផល​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត Recorded Future បន្ត​ថា នៅ​មាន​ឈ្មោះ​វេបសាយ​ជាច្រើន​ទៀត​ដែល​ទាក់ទង​នឹង​មេរោគ​កូរ៉ូណា​វីរុស (coronavirus) ត្រូវ​បាន​គេ​ចុះ​ឈ្មោះ​នៅ​ពេល​ថ្មីៗ​នេះ ហើយ​មិន​ទាន់​មាន​សកម្មភាព​ឧក្រិដ្ឋ​ណា​មួយ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នកស្រី​ថា​ពួក​គេ​អាច​នឹង​ធ្វើ​សកម្មភាព​នៅ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ៕

The post អ្នក​ជំនាញ​ប្រាប់​ពី​វេបសាយ​និង​អ៊ីមែល​បន្លំ​ទាក់ទង​នឹង Covid-19 appeared first on Tech Khmer.

Read Entire Article