ទូក កាណូតជាង៨០០គ្រឿង បានដឹកភ្ញៀវទេសចរទៅទស្សនាទេសភាពសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

2 months ago 18

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ទូក កាណូតប្រមាណជាង៨០០គ្រឿង នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក បាននិងកំពុងបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ដើម្បី ទស្សនាសម្រស់ផ្ទៃបឹងទន្លេសាបដ៏ស្រស់ស្អាតនារដូវវស្សានេះ។

លោកប៉ាន់ សាយ ប្រធានសហគមន៍ដឹកភ្ញៀវមានជ័យ-កំពង់ភ្លុក បានឱ្យដឹងថា នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក មានទូកនិងកាណូតរបស់សមាជិកសហគមន៍សរុបប្រមាណជាង៨០០គ្រឿង សម្រាប់ដឹកភ្ញៀវទេសចរទស្សនាសម្រស់ផ្ទៃបឹងទន្លេសាបនៃខេត្តសៀមរាប។ លោកបន្តថា រយៈពេលជាង២ឆ្នាំមកហើយ ដែលទូក និងកាណូតទាំង នោះបានសម្រាក មិនបានដឹក ភ្ញៀវដើរកម្សាន្ត ដោយវិបត្តិនៃជំងឺកូវីដ១៩ បានឆ្លងរីករាលជាសាកល ប៉ុន្តែបន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យកំណើនភ្ញៀវទេសចរក៏បានត្រឡប់មកវិញ ដូច្នេះបងប្អូនប្រជាសហគមន៍បានជួសជុលទូកនិងកាណូតរបស់ខ្លួនឡើងវិញ ដើម្បីទទួលទេសចរមកលេងកម្សាន្ត។

លោកបន្តថា អ្នកទេសចរត្រូវធ្វើដំណើរដោយទូកឬកាណូត ទើបអាចទៅដល់ភូមិបណ្តែតទឹក និងទស្សនាទេសភាពផ្ទៃបឹងទន្លេសាប ជាពិសេសនារដូវវស្សាបាន ដោយមានភាពស្រស់ស្អាតខ្លាំង ដោយសារផ្ទៃទឹកធំល្វើងល្វើយមើលដាច់កន្ទុយភ្នែក និងអាចទស្សនាទិដ្ឋភាពថ្ងៃលិចកណ្តាល បឹងទន្លេសាបជាទីគយគន់។

រចនាសម្ព័ន្ធការដឹកជញ្ជូនភ្ញៀវគឺ រៀបចំដាក់វេនគ្នាចាប់ពីលេខ១ ដល់លេខ៨២៦ ដល់ចប់ ៨២៦គ្រឿង បានឡើងមកលេខ១វិញ ក្រោយពេលកូវីដ១៩ បានស្ងប់ស្ងាត់នៅដើមឆ្នាំ២០២២នេះ ខ្ញុំជាប្រធានសហគមន៍បានធ្វើការផ្សព្វផ្សាយដល់សមាជិកដែល មាន៥៨៨គ្រួសារ និងទូក៨២៦គ្រឿង ឱ្យគាត់រៀបចំទុកដឹកភ្ញៀវសាជាថ្មី ឱ្យស្អាតបាត កែសម្រួលសាថ្មី បងប្អូនដែលជាម្ចាស់ទូកដឹកភ្ញៀវនេះ ផ្តល់ផលប្រយោជន៍ដឹកពីនេះទៅឱ្យអ្នកអុំទូកនៅក្នុងសហគមន៍យើង ធម្មជាតិកំពង់ភ្លុក ទី២សម្រាប់អ្នកលក់ដូរនៅតាមរមណីយដ្ឋានទន្លេសាប និងអ្នកលក់សៀវភៅនៅតាមភូមិ ខ្ញុំមានសំណូមពរដល់ភ្ញៀវជាតិ និងអន្តរជាតិសូមមកជួយលេងនៅឃុំកំពង់ភ្លុកឱ្យបានច្រើន ហើយមុននឹងភ្ញៀវអាចជិះទូកបាន ទាល់តែចូលទិញសំបុត្រក្នុងសហគមន៍ ទី១ស្នាក់ការនៅឃុំមានជ័យ ទិញសំបុត្របានហើយទើបកាន់សំបុត្រមកឆែកនៅកន្លែងចុះទូក ចំណតទូកបានរៀបចំភ្ញៀវឱ្យចុះទូក។

បើតាមប្រធានសហគមន៍ដឹកភ្ញៀវមានជ័យ-កំពង់ភ្លុក បាន បញ្ជាក់អំពីតម្លៃសំបុត្រ ដែល លក់ជូនភ្ញៀវទេសចរ មកជិះទូកកម្សាន្ត ត្រូវគិតទៅតាមចំនួនមនុស្ស ដោយចាប់ពីម្នាក់ដល់៧នាក់ តម្លៃសំបុត្រ២០ដុល្លារ ចាប់ពី៨នាក់ ដល់១៩នាក់ តម្លៃ៣៥ដុល្លារ ចាប់ពី២០នាក់ ដល់២៩នាក់ តម្លៃ៤៥ដុល្លារ ពី៣០នាក់ដល់៣៩នាក់ តម្លៃ៥៥ដុល្លារ ៤០ដល់៤៩នាក់តម្លៃ៦៥ដុល្លារ។

សូមជម្រាបផងដែរថា សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ សហគមន៍នេះ ស្ថិតនៅជាប់មាត់បឹងទន្លេសាប។ កំពង់ភ្លុក មានភូមិចំនួន៣ ចូលគ្នាស្ថិតក្នុង បឹងទន្លេសាប ដែលមានចម្ងាយប្រហែល១៦ គីឡូម៉ែត្រ ពីទីរួមស្រុកប្រាសាទបាគង។ ដោយសារលក្ខណៈពិសេសរបស់ភូមិ ជាពិសេសរដូវវស្សាមានទឹកឡើងល្ហាចល្ហឹម ទេសភាពស្រស់ស្អាត ទិដ្ឋភាពថ្ងៃរៀបលិចកណ្តាលផ្ទៃទឹក ជាទីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន។ ទេសចរណ៍នៅកំពង់ភ្លុក ជាទេសចរណ៍ ធម្មជាតិនិងវប្បធម៌ដែលមានទាំងការកម្សាន្តតាមភូមិលិចទឹក មានផ្ទះអណ្តែតលើទឹក និងការទស្សនានូវសត្វស្លាបជាច្រើនប្រភេទ ធ្វើឱ្យអារម្មរណ៍របស់ភ្ញៀវទេសចរណ៍មានភាពស្រស់ថ្លា៕

The post ទូក កាណូតជាង៨០០គ្រឿង បានដឹកភ្ញៀវទេសចរទៅទស្សនាទេសភាពសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក appeared first on Khmernote.

Read Entire Article